ព្រះត្រៃបិដក ភាគ ០៨
លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែងអាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំដែរ ម្នាលអាវុសោ ទាំងទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។
ID: 636795581008960530
ទៅកាន់ទំព័រ៖