ព្រះត្រៃបិដក ភាគ ០៨

(​នោះ​ទៅ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​នៅចាំ​វស្សា​ទាំង​មាន​សេចក្តី​អផ្សុក​ ​ព្រោះ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទី​ជិត​យើង​ទាំងឡាយ​ ​ចម្ងាយ៦យោជន៍​ ​អំពី​ទីនេះ​ទៅ​ ​យើង​ទាំងឡាយ​ ​មិនសមបើ​មិនបាន​ទៅ​គាល់​ព្រះអង្គ​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា​ ​នៅចាំ​វស្សា​អស់​ត្រៃមាស​ហើយ​ ​ក៏​នាំគ្នា​ធ្វើ​បវារណា​ ​(​ព្រោះ​រដូវ​នេះ​)​ ​នៅ​មាន​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​ ​មាន​ទឹកភក់​រអិល​នៅឡើយ​ ​ទើប​ខ្ញុំ​ព្រះអង្គ​ទាំងអស់គ្នា​ ​មាន​ចីវរ​ទាំងឡាយ​ទទឹកជោក​ ​បាន​សេចក្តី​លំបាក​កាយ​ ​មក​តាមផ្លូវ​ឆ្ងាយ​។​
​​ [​២​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ពួក​ភិក្ខុ​ ​ដែល​នៅចាំ​វស្សា​រួចហើយ​ ​ក្រាលកឋិន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បាន​ក្រាលកឋិន​ហើយ​ ​នឹង​សម្រេច​អានិសង្ស៥យ៉ាង​ ​គឺ​ត្រាច់​ទៅ​ ​(​ណា​)​ ​មិនបាច់​លា​ ​(​ភិក្ខុ​ផងគ្នា​)​១​ ​ត្រាច់​ទៅ​ ​(​ណា​)​ ​មិនបាច់​យក​ត្រៃចីវរ​ ​(​គ្រប់​ប្រដាប់​)​១​ ​(​ឆាន់​)​ ​គណ​ភោជន​បាន១​ ​(​ទុកដាក់​)​ ​អតិរេកចីវរ​បាន​តាមត្រូវ​ការ១​ ​ចីវរ​ណា​ ​ដែល​កើតឡើង​ ​ក្នុង​អាវាស​នោះ​ ​ចីវរ​នោះ​ ​នឹង​មានដល់​ភិក្ខុ​ទាំងនោះ១​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636795400019318514
ទៅកាន់ទំព័រ៖