ព្រះត្រៃបិដក ភាគ ០៨
ពាក្យនេះ នឹងពួកភិក្ខុលើកវត្តថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥតត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃលើកវត្តមិនបានទេ សង្ឃលើកវត្តភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុឡើយ។ កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ពួកភិក្ខុអ្នកលើកវត្ត បាននិយាយពាក្យនេះ នឹងពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្តវិញថា នែអាវុសោ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិនត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តបានហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃលើកវត្ត ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុហើយ បពិត្រលោកដ៏មានអាយុទាំងឡាយ អស់លោកកុំប្រព្រឹត្តតាម កុំតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តនេះឡើយ។ ឯពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្តនោះ កាលបើពួកភិក្ខុអ្នកលើកវត្តនិយាយ យ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តហើយនោះដដែល។
ID: 636795609061235028
ទៅកាន់ទំព័រ៖