ព្រះត្រៃបិដក ភាគ ០៨
អាសនៈ ហើយយាងចូលទៅរកពួក ឧក្ខិត្តានុវត្តកភិក្ខុ លុះយាងចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកាទៅនឹងពួក ឧក្ខិត្តានុវត្តកភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវអាបត្តិហើយ កុំសំគាល់អាបត្តិថា ខ្លួនមិនត្រូវសំដែង ដោយគិតថា យើងមិនត្រូវអាបត្តិទេ យើងមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះ ថាជាអនាបត្តិ តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា អស់លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុងសិក្ខា មិនគួរនឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុពួកបុគ្គលដទៃឡើយ បើភិក្ខុទាំងនេះ នឹងលើកវត្តអាត្មាអញ ព្រោះមិនឃើញអាបត្តិហើយ មុខជានឹងមិនធ្វើឧបោសថ ជាមួយនឹងអាត្មាអញទេ តែភិក្ខុទាំងនោះ វៀរលែងអាត្មាអញ ហើយធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តអាត្មាអញនោះ ជាហេតុមិនខាន។
ID: 636795611652043214
ទៅកាន់ទំព័រ៖