ព្រះត្រៃបិដក ភាគ ០៨
មុខជានឹងមិនធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី (នោះ) សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ព្រោះហេតុតែអាត្មាអញនោះ មុខជានឹងមានដល់សង្ឃមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃហើយ ត្រូវតែសំដែងអាបត្តិនោះចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះ ដល់ពួកភិក្ខុ អ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តហើយ ក៏ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។
[១៤៦] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត ក៏នៅតែធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល។ ចំណែកខាងពួកភិក្ខុអ្នកលើកវត្ត ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញ។ វេលានោះ មានភិក្ខុអ្នកលើកវត្ត១រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល
ID: 636795612203124734
ទៅកាន់ទំព័រ៖