ព្រះត្រៃបិដក ភាគ ០៨
ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ ធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាងយើងខ្ញុំព្រះអង្គ ដែលជា ឧក្ខេបកភិក្ខុ ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តទាំងនោះ នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគតបានបញ្ញត្តហើយ កម្មរបស់ភិក្ខុទាំងនោះ ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ម្នាលភិក្ខុ បើអស់អ្នកជាឧក្ខេបកភិក្ខុ (ភិក្ខុអ្នកលើកវត្ត) នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត បានបញ្ញត្តហើយ កម្មរបស់អ្នកទាំងឡាយនោះសោត ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ហេតុអ្វី បានជាតថាគត ពោលយ៉ាងនេះ។ ម្នាលភិក្ខុ ព្រោះភិក្ខុទាំងនោះ មានសំវាសផ្សេងៗ អំពីអ្នកទាំងឡាយ ចំណែកខាងអ្នកទាំងឡាយ ក៏មានសំវាសផ្សេងគ្នា អំពីភិក្ខុទាំងនោះដែរ។ ម្នាលភិក្ខុ ឯភូមិរបស់ភិក្ខុ មានសំវាសផ្សេងគ្នានេះ មាន២យ៉ាង គឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសផ្សេងគ្នាដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នា
ID: 636795612533353622
ទៅកាន់ទំព័រ៖