ព្រះត្រៃបិដក ភាគ ០៨
ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ មិនសមបើនឹងកើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុ កើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ការនោះពិតមែនព្រះអង្គ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចមិនប្រកបដោយធម៌ កំពុងតែពោលវាចា មិនជាទីរីករាយរកគ្នា អ្នកទាំងឡាយ មិនគប្បីអង្គុយលើអាសនៈ ដោយគិតថា យើងសំដែងនូវកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចប្រកបដោយធម៌ កំពុងតែពោលវាចា ជាទីរីករាយរកគ្នា អ្នកទាំងឡាយ គួរអង្គុយលើអាសនៈឃ្លាតពីគ្នា។
ID: 636795613224423149
ទៅកាន់ទំព័រ៖