ព្រះត្រៃបិដក ភាគ ០៨
ក៏ស្រាប់តែមានភិក្ខុ១រូប ជាអធម្មវាទី ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នានេះមិនខាន។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះ ជាគំរប់ពីរដងទៀតថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តីឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នា។ ភិក្ខុជាអធម្មវាទីនោះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នានេះមិនខានទេ។
ID: 636795614250571841
ទៅកាន់ទំព័រ៖