ព្រះត្រៃបិដក ភាគ ០៨
ក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បានឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅលើទីមានផែនដីរាបល្អផង បានសោយទឹក ដែលគេលាងព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ លុះមានគភ៌ចាស់ហើយ ក៏ទ្រង់ប្រសូតព្រះរាជបុត្រមក។ ព្រះមាតាបិតា ទ្រង់ប្រទាននាម កុមារនោះថា ទីឃាវុ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ មិនយូរប៉ុន្មាន ក៏បានដល់នូវការដឹងក្តី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ទ្រង់រិះគិតយ៉ាងនេះថា ស្តេចក្នុងដែនកាសី ឈ្មោះព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាស ដល់យើងជាច្រើន ទាំងពួកពលផង ពាហនៈផង ជនបទផង ឃ្លាំងផង ជង្រុកផង របស់យើង ស្តេចនេះ ក៏រឹបជាន់យកអស់ ប្រសិនបើស្តេចនេះ ជ្រាបដំណឹងយើងហើយ មុខជានឹងឲ្យមនុស្សសម្លាប់យើងទាំងបីនាក់ មិនខានឡើយ បើដូច្នោះហើយ គួរអាត្មាអញ ឲ្យទីឃាវុកុមារ ចេញទៅនៅក្រៅក្រុងវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បានឲ្យទីឃាវុកុមារ ចេញទៅនៅខាងក្រៅក្រុង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ កាលនៅខាងក្រៅក្រុង មិនយូរប៉ុន្មាន ក៏បានសិក្សា ចេះដឹងនូវសិល្បសាស្ត្រសព្វគ្រប់។
ID: 636795615781919429
ទៅកាន់ទំព័រ៖