ព្រះត្រៃបិដក ភាគ ០៨
ទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មនុស្សទាំងនោះ ក៏នាំបណ្តើរស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ទៅសព្វច្រក សព្វផ្លូវត្រឡែងកែង ហើយចេញទៅតាមទ្វារខាងត្បូង ហើយកាត់ខ្លួន ជា៤កំណាត់ រួចកប់ក្នុងរណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូង នៃព្រះនគរ ហើយទុកពួកពល (ឲ្យនៅថែទាំ) រួចថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅកាន់ក្រុងពារាណសី ហើយក៏នាំយកសុរាមកបំផឹកពួកពល (ទាំងនោះ)។ ពួកពលទាំងនោះ ស្រវឹងដួលដេកទៅកាលណា ទីឃាវុកុមារ ក៏ប្រមូលកំណាត់ឈើ ហើយលើកសរីរៈមាតាបិតា ដាក់លើជើងថ្ករ រួចបូជាភ្លើង ហើយផ្គងអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ។ ម្នាលភិក្ខុទាំងឡាយ ចួនជាពេលនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរឰដ៏ខាងលើ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានទតឃើញទីឃាវុកុមារ កំពុងតែផ្គងអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ លុះឃើញហើយ ក៏ទ្រង់ត្រិះរិះយ៉ាងនេះថា មនុស្សនោះ ច្បាស់ជាញាតិ ឬជាសាលោហិត របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិហើយ ឱហ្ន៎ សេចក្តីវិនាស (ព្រោះបុរសនេះ គង់នឹងមាន) ដល់អាត្មាអញ មិនសមបើ
ID: 636795617201030598
ទៅកាន់ទំព័រ៖