ព្រះត្រៃបិដក ភាគ ០៨
ខណៈនោះ ទីឃាវុកុមារទូលសួរស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុអ្វី បានជាព្រះអង្គទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយតើនឡើងភ្លាម។ ស្តេចនោះតបវិញថា នែនាយមាណព ព្រោះយើងយល់សប្តិ (ថាដូចជា) ទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ឈ្មោះទីឃីតិ លើកព្រះខាន់ឡើង គម្រាមយើងក្នុងទីនេះ ព្រោះហេតុនោះ បានជាយើងភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក្រោកឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ យកដៃខាងឆ្វេង ចាប់សង្កត់ព្រះសីសៈ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ហើយយកដៃខាងស្តាំ ហូតព្រះខាន់ រួចនិយាយពាក្យនេះ នឹងស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តថា នែព្រះអង្គ ខ្លួនខ្ញុំឯងហើយ ដែលឈ្មោះ ទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រះអង្គបានធ្វើសេចក្តីវិនាស ជាច្រើនដល់ខ្ញុំ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុករបស់ខ្ញុំ ព្រះអង្គ ក៏រឹបជាន់យកអស់ ម្យ៉ាងទៀត ទាំងមាតាបិតា របស់ខ្ញុំ ព្រះអង្គក៏សម្លាប់ចោលអស់ វេលានេះ គួរខ្ញុំសងពៀរដល់ព្រះអង្គវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ឱនព្រះសីរ្ស ក្រាបទៀបជើង ទីឃាវុកុមារ ហើយមានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ
ID: 636795618685145484
ទៅកាន់ទំព័រ៖