ព្រះត្រៃបិដក ភាគ ០៨
យ៉ាងនេះថា នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិតដល់យើងផង នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិតដល់យើងផង។ ទីឃាវុកុមារ តបវិញថា ខ្ញុំនឹងអាចថ្វាយជីវិតព្រះអង្គ ដូចម្តេចបាន គួរតែព្រះអង្គប្រទានជីវិត មកខ្ញុំវិញ។ ស្តេចនោះ ទ្រង់ត្រាស់ថា នែទីឃាវុកូន បើដូច្នោះ អ្នកឯងចូរឲ្យជីវិតដល់យើងចុះ យើងក៏ឲ្យជីវិត ដល់អ្នកឯងវិញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត និងទីឃាវុកុមារ បានឲ្យជីវិតគ្នា ទៅវិញទៅមក ហើយបានទាំងចាប់ដៃគ្នាផង ធ្វើសម្បថផង ដើម្បីមិនឲ្យមានរឿងប្រទូស្តគ្នា តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន បើដូច្នោះ ចូរអ្នកទឹមរាជរថចុះ យើងនឹងត្រឡប់ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់ព្រះឱង្ការ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ទឹមរាជរថ រួចក្រាបទូលស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឯរាជរថ របស់ព្រះអង្គ ខ្ញុំព្រះអង្គ ទឹមរួចស្រេចហើយ សូមព្រះអង្គ ទ្រង់ជ្រាបកាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងឡើងគង់លើរាជរថ ឯទីឃាវុកុមារ ក៏បររាជរថទៅ។ មិនយូរប៉ុន្មាន ទីឃាវុកុមារ ក៏បររាជរថទៅ
ID: 636795618935739818
ទៅកាន់ទំព័រ៖