ព្រះត្រៃបិដក ភាគ ០៨
សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណាបើសង្ឃព្រមគ្នាដកហើយ អាត្មាអញនឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះរបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ID: 636795411314444559
ទៅកាន់ទំព័រ៖