ព្រះត្រៃបិដក ភាគ ០៨
មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ ដោយការមិនចងពៀរ (នោះសំដៅត្រង់) មាតាបិតារបស់ខ្ញុំព្រះអង្គ ដែលព្រះអង្គ សម្លាប់ចោលអស់ ព្រោះហេតុនោះ បើខ្ញុំព្រះអង្គ នឹងបំផ្លាញព្រះអង្គ ឲ្យចាកជីវិតហើយ គង់មានពួកជន ដែលប្រាថ្នាប្រយោជន៍ ចំពោះព្រះអង្គ នឹងបំផ្លាញខ្ញុំព្រះអង្គ ឲ្យដាច់ចាកជីវិតវិញ ពួកជនដែលប្រាថ្នាប្រយោជន៍ ដល់ខ្ញុំព្រះអង្គ មុខជានឹងបំផ្លាញជនទាំងនោះ ឲ្យដាច់ចាកជីវិតមិនខានឡើយ ពៀរនោះ មិនបានរម្ងាប់ ដោយការចងពៀរ យ៉ាងនេះឯង ឥឡូវ ព្រះអង្គ ទ្រង់ប្រទានជីវិត ដល់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គ ក៏ថ្វាយជីវិត ដល់ព្រះអង្គវិញ ពៀរនោះ នឹងរម្ងាប់ ដោយការមិនចងពៀរ យ៉ាងនេះឯង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតា របស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំនេះឯងថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ស្ងើចថា អើហ្ន៎ (ហេតុនេះ) ហៅពេញជា អស្ចារ្យណាស់ អើហ្ន៎ (ហេតុនេះ) ហៅពេញជាចំឡែកណាស់ ទីឃាវុកុមារនេះ ពេញជាអ្នកប្រាជ្ញមែន ព្រោះដឹងសេចក្តី ដែលបិតា ពោលដោយសង្ខេប ដោយពិស្តារបាន ហើយក៏ទ្រង់ត្រឡប់ប្រគល់ពល ពាហនៈ ជនបទ ឃ្លាំង
ID: 636795619644920380
ទៅកាន់ទំព័រ៖