ព្រះត្រៃបិដក ភាគ ០៨
ត្រឡប់មកពីបិណ្ឌបាត អំពីស្រុកមុនគេ លោកនោះ រៀបចំក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង ដំកល់តាំងសម្រាប់ទ្រជើង ដែលលាងរួច និងដំកល់គ្រឿងសម្រាប់ទ្រជើង ដែលមិនទាន់លាង ហើយលាងភាជន៍ សម្រាប់ផ្ទេរបាយ ដំកល់ទុកឲ្យស្រួល រួចដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ លោកណាមកពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានរបស់ដែលសល់ពីឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោលទៅក្នុងទីគ្មានស្មៅស្រស់ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូចក៏បាន រួចលោកនោះ រើអាសនៈចេញ ហើយរៀបចំទុកដាក់ទឹក សម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងរួចហើយ និងគ្រឿងសម្រាប់ទ្រជើង ដែលមិនទាន់លាង ហើយលាងភាជន៍សម្រាប់ផ្ទេរបាយ រៀបចំទុកដាក់ រួចរៀបទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ហើយបោសរោងភត្ត បើលោកណា ឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់ដាក់ទឹកលាងវច្ចៈក្តី រលីងសោះទទេ លោកនោះ ក៏ដំកល់ទុកឲ្យមានឡើង បើលោកនោះ មិនអាចលើកដោយកំឡាំងដៃបានទេ ក៏យើងខ្ញុំហៅភិក្ខុ (ឯទៀត) មកជាពីររូប ជួយលើក ឬសែងដោយដៃ យកទៅដំកល់ទុក សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបាច់បញ្ចេញវាចា ព្រោះហេតុប៉ុណ្ណោះឡើយ សូមទ្រង់ព្រះមេត្តាប្រោស
ID: 636795625652153974
ទៅកាន់ទំព័រ៖