ព្រះត្រៃបិដក ភាគ ០៨
មិនគួរធ្វើសាមីចិកម្ម មិនគួរធ្វើសក្ការៈ មិនគួរធ្វើសេចក្តីគោរព មិនគួររាប់អាន មិនគួរបូជា ពួកលោកម្ចាស់ ជាភិក្ខុនៅក្នុងក្រុងកោសម្ពីទេ ទុកជាភិក្ខុទាំងនោះ ចូលមកជិត យើងក៏មិនគួរឲ្យបិណ្ឌបាតឡើយ ភិក្ខុទាំងនេះ តែពួកយើងលែងធ្វើសក្ការៈ លែងធ្វើសេចក្តីគោរព លែងរាប់អាន លែងបូជា យ៉ាងនេះហើយ ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈហើយ មុខជានឹងរត់ចេញទៅខ្លះ សឹកចេញទៅខ្លះ ញុំាងព្រះមានព្រះភាគ ឲ្យប្រោសប្រាណខ្លះមិនខាន។ គ្រានោះ ពួកឧបាសកក្រុងកោសម្ពី លែងសំពះ លែងក្រោកទទួល លែងធ្វើអញ្ជលិកម្ម និងសាមីចិកម្ម លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ពួកភិក្ខុក្រុងកោសម្ពី ទុកជាភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក៏លែងឲ្យបិណ្ឌបាត។ វេលានោះ ពួកភិក្ខុក្រុងកោសម្ពី កាលបើពួកឧបាសកក្រុងកោសម្ពី លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈ ហើយក៏និយាយនឹងគ្នាយ៉ាងនេះថា នែអាវុសោ បើដូច្នោះ មានតែយើងទៅក្រុងសាវត្ថី រម្ងាប់អធិករណ៍នេះ ក្នុងសំណាក់ព្រះមានព្រះភាគចេញ។ លំដាប់នោះ ពួកភិក្ខុក្រុងកោសម្ពី ក៏រៀបចំទុកដាក់គ្រឿងសេនាសនៈ រួចនាំយកបាត្រ និងចីវរ ចូលទៅក្រុងសាវត្ថី។
ID: 636795627523401004
ទៅកាន់ទំព័រ៖