ព្រះត្រៃបិដក ភាគ ០៨
អ្នកចូរស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកទៀត លុះអ្នកស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួករួចហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែលជាធម្មវាទី ចូរអ្នកកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត នឹងលទ្ធិរបស់ពួកភិក្ខុនោះចុះ។
[១៦២] នាងវិសាខា ជាមិគារមាតា បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ។ លំដាប់នោះ នាងវិសាខា ជាមិគារមាតា បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះនាងវិសាខា ជាមិគារមាតា អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹងប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែនាងវិសាខា បើដូច្នោះ ចូរនាងឲ្យទាន ក្នុងសង្ឃទាំងពីរពួកចុះ លុះនាងឲ្យទាន ដល់សង្ឃទាំងពីរពួករួចហើយ ចូរនាងស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកទៀត
ID: 636795629754708627
ទៅកាន់ទំព័រ៖