ព្រះត្រៃបិដក ភាគ ០៨
ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ ម្នាលភិក្ខុទាំងឡាយ វេលាណា បើភិក្ខុនោះត្រូវអាបត្តិផង សង្ឃលើកវត្តហើយផង ឃើញអាបត្តិផង ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរធ្វើឱសារណកម្មភិក្ខុនោះវេលានោះចុះ។ វេលានោះ ឧក្ខិត្តានុវត្តកភិក្ខុទាំងនោះ ក៏បានធ្វើឱសារណកម្ម ចំពោះឧក្ខិត្តកភិក្ខុនោះរួចហើយ ក៏ចូលទៅរកពួកឧក្ខេបកភិក្ខុវិញ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងពួកឧក្ខេបកភិក្ខុថា នែអាវុសោ សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីកាន់យកផ្សេងៗ ការវិវាទ ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃ ព្រោះរឿងរ៉ាវណា ភិក្ខុនោះឯង ត្រូវអាបត្តិផង សង្ឃបានលើកវត្តផង ឃើញអាបត្តិផង សង្ឃបានធ្វើឱសារណកម្មស្រេចហើយ នែអាវុសោ ណ្ហើយចុះ យើងធ្វើសង្ឃសាមគ្គី ដើម្បីនឹងរម្ងាប់រឿងរ៉ាវនោះចេញ។ វេលានោះ ឧក្ខេបកភិក្ខុទាំងនោះ ក៏បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះពួកឧក្ខេបកភិក្ខុនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ពួកឧក្ខិត្តានុវត្តកភិក្ខុនោះ បាននិយាយ យ៉ាងនេះថា នែអាវុសោ
ID: 636795630925605599
ទៅកាន់ទំព័រ៖