ព្រះត្រៃបិដក ភាគ ០៨
ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីព្រមព្រៀងនេះ ដោយការស្ងៀមនៅយ៉ាងនេះ។ សង្ឃត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ក្នុងខណៈនោះឯង។
[១៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីតែម្តង សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ ការប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ
ID: 636795631721311110
ទៅកាន់ទំព័រ៖