ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ទាំង៥នេះ​ ​នឹង​សម្រេច​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ក្រាលកឋិន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​កឋិន​ ​(​នោះ​)​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​ក្រាល​យ៉ាងនេះ​។​ ​គឺ​ត្រូវឲ្យ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ប្តឹង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​សំពត់​កឋិន​នេះ​ ​កើតឡើង​ដល់​សង្ឃ​ហើយ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីនឹង​ក្រាលកឋិន​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​សំពត់​កឋិន​នេះ​ ​កើតឡើង​ដល់​សង្ឃ​ហើយ​។​ ​(​ឥឡូវ​)​ ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីនឹង​ក្រាលកឋិន​។​ ​ការ​ឲ្យ​សំពត់​កឋិន​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីនឹង​ក្រាលកឋិន​ ​(​បើ​)​ ​គួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​ត្រូវ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​សំពត់​កឋិន​នេះ​ ​សង្ឃ​ឲ្យ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ដើម្បីនឹង​ក្រាលកឋិន​ហើយ​។​ ​ការ​ឲ្យ​សំពត់​កឋិន​នេះ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ទំនងជា​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ការ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កឋិន​ ​ដែល​ភិក្ខុ​ក្រាល​ឡើង​បែបនេះ​ ​ក្រាល​មិន​ឡើង​បែបនេះ​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636795400550098873
ទៅកាន់ទំព័រ៖