ព្រះត្រៃបិដក ភាគ ០៨
ដូចម្តេច។ (ឯបលិពោធរបស់កឋិនទាំង២យ៉ាងនោះ) គឺ អាវាសបលិពោធ (កង្វល់ក្នុងអាវាស)១ ចីវរបលិពោធ (កង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ ឯអាវាសបលិពោធ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងអាវាសនោះក្តី មានសេចក្តីអាល័យចំពោះអាវាសនោះ ហើយចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ មិនទាន់បានធ្វើឬ ឬថាបានធ្វើហើយ តែមិនទាន់ស្រេច ទាំងសេចក្តីប្រាថ្នាចីវរ ក៏មិនទាន់ដាច់នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហើយ ដែលហៅថា ចីវរបលិពោធ។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកអបលិពោធ របស់កឋិន មាន២យ៉ាង (នោះ) ដូចម្តេចខ្លះ។ (ឯអបលិពោធទាំង២យ៉ាងនោះ) គឺ អាវាសាបលិពោធ (គ្មានកង្វល់ក្នុងអាវាស)១ ចីវរាបលិពោធ (គ្មានកង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ អាវាសាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដើរចៀសចេញ ទៅចាកអាវាសនោះ ដោយលះបង់ចោលស្រឡះ ដាច់អាល័យថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ID: 636795417933683158
ទៅកាន់ទំព័រ៖