ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ បានធ្វើហើយក្តី បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី សេចក្តីប្រាថ្នាចីវរដាច់ទៅក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ អបលិពោធ របស់កឋិន មាន២យ៉ាងដូច្នេះឯង។
ចប់ កឋិនក្ខន្ធកៈ ទី៧។
ក្នុងកឋិនក្ខន្ធកៈនេះ មានរឿង១១៨ មានបេយ្យាល១២ ជាប្រធាន។
ឧទ្ទាននៃកឋិនក្ខន្ធកៈនោះគឺ
[៣៣] រឿងបាថេយ្យកភិក្ខុ៣០រូប មានសេចក្តីអផ្សុក នៅក្នុងស្រុកសាកេត លុះនៅចាំវស្សារួចហើយ ក៏មានចីវរទទឹកជោក មកគាល់ព្រះជិនស្រី នេះជារឿង (ខាងដើម) នៃកឋិន១ រឿងអានិសង្សទាំង៥ សម្រេចដល់ភិក្ខុដែលបានក្រាលកឋិនហើយ គឺ ភិក្ខុចេញទៅណា មិនបាច់លាភិក្ខុផងគ្នា ត្រាច់ទៅណា មិនបាច់យកត្រៃចីវរគ្រប់ប្រដាប់បាន
ID: 636795418710577593
ទៅកាន់ទំព័រ៖