ព្រះត្រៃបិដក ភាគ ០៨
ក្រាលឡើងជាកឋិន។ សំពត់បង្សុកូល ក្រាលឡើងជាកឋិន។ សំពត់ដែលធ្លាក់ទៀបរានផ្សារ ក្រាលឡើងជាកឋិន។ សំពត់ដែលបានមកដោយមិនបានធ្វើនិមិត្ត ក្រាលឡើងជាកឋិន។ សំពត់ដែលបានមក ដោយមិនបាននិយាយបញ្ចុះបញ្ចូល ក្រាលឡើងជាកឋិន។ សំពត់ដែលមិនខ្ចីគេ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលឡើងជាកឋិន។ សំពត់ដែលមិនធ្វើឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើងទាន់ ក្រាលឡើងជាកឋិន។ សំពត់ដែលបានធ្វើពិន្ទុកប្បហើយ ក្រាលឡើងជាកឋិន។ សង្ឃាដិ ក្រាលឡើងជាកឋិន។ ឧត្តរាសង្គ ក្រាលឡើងជាកឋិន។ អន្តរវាសក ក្រាលឡើងជាកឋិន។ សំពត់ដែលមានមណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃនោះឯង ហើយក្រាល ឡើងជាកឋិន។ ឲ្យបុគ្គលក្រាល ទើបឡើងជាកឋិន។ ការក្រាលដោយត្រឹមត្រូវ ទើបបានឡើងជាកឋិន។ បើភិក្ខុនៅក្នុងសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ ទើបឡើងជាកឋិន។ ម្នាលភិក្ខុទាំងឡាយ ការក្រាលកឋិនដូចន័យដែលតថាគតពោលមកនេះឯង ទើបឡើងជាកឋិនបាន។
ID: 636795401423598835
ទៅកាន់ទំព័រ៖