ព្រះត្រៃបិដក ភាគ ០៨

ទ្រង់​បាន​សះ​ ​ជា​រោគ​ហើយ​ ​ទើប​ទ្រង់​ឲ្យ​ពួក​ស្រី​ទាំង​ប្រាំ​រយ​ ​ស្អិតស្អាង​គ្រឿងអលង្ការ​ទាំងពួង​ ​ហើយ​ឲ្យ​ដោះចេញ​ ​ទ្រង់​ឲ្យ​គរ​ជា​គំនរ​ ​រួច​ទ្រង់​ត្រាស់​ទៅ​ ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ ​ដូច្នេះ​ថា​ ​នែ​នាយ​ជីវកៈ​ ​គ្រឿងអលង្ការ​ទាំងពួង​ ​របស់​ស្រី​ទាំង​ប្រាំ​រយ​នេះ​ ​ត្រូវ​បាន​អ្នកឯង​ហើយ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​កុំ​ព្រួយ​ព្រះរាជហឫទ័យ​ឡើយ​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​គ្រាន់តែ​រំលឹក​ឧបការ​របស់ខ្ញុំ​ព្រះអង្គ​ចុះ​។​ ​ព្រះបាទ​ពិម្ពិសារ​ត្រាស់​ថា​ ​នែ​នាយ​ជីវកៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកឯង​បម្រើ​យើង​ផង​ ​ស្រីស្នំ​ផង​ ​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ផង​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ទទួល​ស្តាប់​ព្រះរាជឱង្ការ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​។​
 ​[​៣៨​]​ ​សម័យ​នោះ​ឯង​ ​សេដ្ឋី​នៅ​ក្រុង​រាជគ្រឹះ​ ​កើតរោគ​ឈឺក្បាល៧ឆ្នាំ​ហើយ​។​ ​ពួក​ពេទ្យ​ដែល​ជា​ទិសា​បា​មោក្ខ​ធំៗ​ច្រើន​នាក់​ ​មក​ព្យាបាល​ ​ក៏​មិន​អាច​នឹង​កែរោគ​ឲ្យ​សះជា​បាន​ ​នាំ​យក​តែ​ប្រាក់​ជាច្រើន​ទៅ​។​ ​ម្យ៉ាងទៀត​ ​សេដ្ឋី​នោះ​ ​ពួក​ពេទ្យ​ ​ក៏​បោះបង់ចោល​ហើយ​។​ ​មាន​ពួក​ពេទ្យ​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៥​។​ ​ពួក​ពេទ្យ​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៧​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636795425958002122
ទៅកាន់ទំព័រ៖