ព្រះត្រៃបិដក ភាគ ០៨
(រលាក្បាល) ហើយដេរស្បែកក្បាល រួចលាបថ្នាំឲ្យ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ ក៏និយាយទៅនឹងជីវកកោមារភត្យយ៉ាងនេះថា នែលោកអាចារ្យ ខ្ញុំមិនអាចនឹងដេកផ្អៀងខាងម្ខាង អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែងលោកបានទទួលប្តេជ្ញានឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងតែម្ខាងឲ្យអស់៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីតបថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញាពិតមែនហើយ ប៉ុន្តែថា ខ្ញុំមុខជានឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹងដេកផ្អៀងតែម្ខាង ឲ្យអស់៧ខែបាន។ ជីវកកោមារភត្យនិយាយថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្អៀងទៅម្ខាងទៀត អស់៧ខែចុះ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយនឹងជីវកកោមារភត្យយ៉ាងនេះថា លោកអាចារ្យ ខ្ញុំមិនអាចនឹងដេកផ្អៀងម្ខាងទៀត អស់៧ខែបានឡើយ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែងលោកបានទទួលប្តេជ្ញានឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្អៀងទៅម្ខាងទៀត អស់៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញាពិតមែនហើយ ប៉ុន្តែថា ខ្ញុំមុខជានឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹងដេកផ្អៀងទៅម្ខាងទៀត អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្ងារ ឲ្យអស់៧ខែវិញចុះ។
ID: 636795427086236654
ទៅកាន់ទំព័រ៖