ព្រះត្រៃបិដក ភាគ ០៨
គ្រានោះ សេដ្ឋីគហបតិ បានសះជារោគហើយ ក៏បានថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ជូនទ្រព្យ ១សែនកហាបណៈ ទៅជីវកកោមារភត្យ។
[៣៩] សម័យនោះឯង មានសេដ្ឋីបុត្ត នៅក្នុងក្រុងពារាណសី លេងល្បែងដាំដូង ក៏កើតរោគដុំ ក្នុងពោះវៀនធំ។ បបរដែលសេដ្ឋីបុត្ត បានហុតក្តី ក៏មិនបានរលួយស្រួល បាយដែលសេដ្ឋីបុត្តបានបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ។ ព្រោះរោគនោះ សេដ្ឋីបុត្តនោះ ក៏ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ វេលានោះ សេដ្ឋីនៅក្នុងក្រុងពារាណសី មានសេចក្តីរិះគិតដូច្នេះថា ជម្ងឺកូនអញ ប្រាកដដូច្នោះ ទឹកបបរ (ដែលកូនអញ)ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ ព្រោះរោគនោះ បានជាកូនអញ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ បើដូច្នោះ គួរអាត្មាអញ ទៅកាន់ក្រុងរាជគ្រឹះ ហើយសូមយកពេទ្យជីវកៈ ពីស្តេចមក ដើម្បីឲ្យមកព្យាបាលកូនអញ។ លំដាប់នោះ សេដ្ឋីនៅក្នុងក្រុងពារាណសី
ID: 636795427814628315
ទៅកាន់ទំព័រ៖