ព្រះត្រៃបិដក ភាគ ០៨
ចូរអ្នកឯងបង្អង់ ចាំយើងបរិភោគរួចសិន នែនាយកាកៈ បើដូច្នោះ ចូរអ្នកឯងបរិភោគបាយសិន។ កាកៈតបថា លោកអាចារ្យ កុំព្រួយ ដ្បិតខ្ញុំ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ថា នែនាយកាកៈ ធម្មតា ពួកពេទ្យទាំងនេះ តែងមានមាយាច្រើន ម្យ៉ាងទៀត អ្នកឯងកុំទទួលរបស់បន្តិចបន្តួចរបស់ពេទ្យនោះឡើយ។ សម័យនោះឯង ជីវកកោមារភត្យ បានបង់ថ្នាំដោយក្រចក ហើយទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង។ វេលានោះ ជីវកកោមារភត្យ ក៏បាននិយាយទៅនឹងខ្ញុំឈ្មោះកាកៈដូច្នេះថា នែនាយកាកៈ បើដូច្នោះ អ្នកចូរទំពារស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផងចុះ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈគិតថា ពេទ្យនេះឯង ហ៊ានទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង ពេទ្យនេះ មិនគួរនឹងមានអំពើអាក្រក់តិចតួចឡើយ ហើយក៏ទំពាស៊ីផ្លែកន្ទួតព្រៃមួយចំហៀងផង ផឹកទឹកផង។ ផ្លែកន្ទួតព្រៃមួយចំហៀង ដែលខ្ញុំឈ្មោះកាកៈ ទំពាស៊ីហើយនោះ ក៏ចុះរាក ក្នុងទីនោះឯង។ ខណៈនោះ ខ្ញុំឈ្មោះកាកៈ បាននិយាយទៅនឹងជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ខ្ញុំនៅមានជីវិត (តទៅទៀតឬទេ)។ ជីវកកោមារភត្យប្រាប់ថា នែនាយកាកៈ អ្នកឯងកុំភ័យឡើយ ខ្លួនអ្នកឯងក្តី ស្តេចកំណាចក្តី នឹងបានសះ ជារោគហើយ ស្តេចនោះ នឹងឲ្យគេសម្លាប់ខ្ញុំមិនខាន ព្រោះហេតុនោះ បានជាខ្ញុំមិនត្រឡប់ទៅវិញ ថាដូច្នោះហើយ ក៏ប្រគល់មេដំរីឈ្មោះភទ្ទវតិកា
ID: 636795429557708014
ទៅកាន់ទំព័រ៖