ព្រះត្រៃបិដក ភាគ ០៨
មិនយូរប៉ុន្មាន កាយរបស់ព្រះមានព្រះភាគ ក៏បានជាប្រក្រតីវិញ។ ខណៈនោះ ជីវកកោមារភត្យ បាននាំយកសំពត់ សិវេយ្យកៈ
(១) ១គូនោះចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគតទាំងឡាយ មានពរកន្លងហើយ។ ជីវកកោមារភត្យ ទូលថា សូមទ្រង់ព្រះមេត្តាប្រោស អំពើណាគួរផង មិនមានទោសផង (ខ្ញុំព្រះអង្គសូមចំពោះអំពើនោះ)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នកចូរនិយាយមកចុះ។ ជីវកកោមារភត្យទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុសង្ឃក្តី តែងតែទ្រទ្រង់សំពត់បង្សុកូល សូមទ្រង់ព្រះមេត្តាប្រោស សំពត់សិវេយ្យកៈ១គូនេះហើយ ដែលព្រះបាទបជ្ជោតបញ្ចូនមកឲ្យខ្ញុំព្រះអង្គ ជាសំពត់លើសលុបប្រសើរ ជាប្រធាន
(១) អដ្ឋកថា ថា បានដល់សំពត់ដែលគេចោលនៅព្រៃខ្មោច ក្នុងឧត្តរកុរុទ្វីប។ បានឮមកថា ពួកមនុស្សក្នុងឧត្តរកុរុទ្វីប តែងរុំសាកសពដោយសំពត់នោះឯង ហើយយកទៅចោល។ មានសត្វបក្សី មានប្រមោយដូចដំរី វាសំគាល់នូវសំពត់នោះ ថាជាដុំសាច់ ហើយឆាបនាំយកទៅដំកល់ទុកលើកំពូលភ្នំហិមពាន្ត បកសំពត់នោះចោលចេញ វាស៊ីសាច់សពនោះ។ វេលានោះ ពួកអ្នកដើរព្រៃ បានឃើញសំពត់នោះហើយ ក៏នាំយកមកថ្វាយស្តេច។ សំពត់នេះហើយ ដែលព្រះបាទបជ្ជោត បានមកដោយហេតុយ៉ាងនេះឯង។
ID: 636795432237661298
ទៅកាន់ទំព័រ៖