ព្រះត្រៃបិដក ភាគ ០៨
ខ្ពង់ខ្ពស់ក្រៃលែងជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួលយកសំពត់សិវេយ្យកៈ១គូ របស់ខ្ញុំព្រះអង្គ សូមទ្រង់អនុញ្ញាត គហបតិចីវរ ដល់ភិក្ខុសង្ឃផង។ ព្រះមានព្រះភាគ ព្រមទទួលយកសំពត់សិវេយ្យកៈ ១គូ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគហបតិចីវរ ភិក្ខុណាប្រាថ្នា (បង្សុកូល) ភិក្ខុនោះ ចូរទ្រទ្រង់សំពត់បង្សុកូលចុះ ភិក្ខុណាប្រាថ្នា (គហបតិចីវរ) ភិក្ខុនោះ ចូរត្រេកអរ នឹងគហបតិចីវរចុះ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ពោលសរសើរសេចក្តីសន្តោសដោយបច្ច័យណាមួយ (តាមមានតាមបាន)។
ID: 636795432644344559
ទៅកាន់ទំព័រ៖