ព្រះត្រៃបិដក ភាគ ០៨
ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរចូលទៅកាន់ ព្រៃស្មសានជាមុន ដើម្បីបង្សុកូល ភិក្ខុពួកខ្លះ ចូលទៅជាខាងក្រោយ។ ពួកភិក្ខុណា ដែលដើរចូលទៅព្រៃស្មសានមុន ដើម្បីបង្សុកូល ភិក្ខុទាំងនោះ ក៏បានសំពត់បង្សុកូល។ ពួកភិក្ខុណា ចូលទៅក្រោយ ភិក្ខុទាំងនោះ ក៏ឥតបានឡើយ។ ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែក ដល់យើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនបានឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វី បានជាលោកទាំងឡាយ ដើរចូលទៅក្រោយគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលមិនចង់ឲ្យ ក៏កុំបាច់ឲ្យនូវចំណែក ដល់ភិក្ខុទាំងឡាយដែលដើរចូលទៅក្រោយគេ។ សម័យនោះឯង មានពួកភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានដើរចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូលព្រមគ្នា។ ភិក្ខុពួកខ្លះ បានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួកភិក្ខុណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះវិញថា នែអាវុសោ យើងមិនឲ្យចំណែកដល់លោកទាំងឡាយទេ ហេតុអ្វីបានជា
ID: 636795436916088889
ទៅកាន់ទំព័រ៖