ព្រះត្រៃបិដក ភាគ ០៨
ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទទួលចីវរ គឺ ភិក្ខុមិនបានលុះឆន្ទាគតិ១ មិនបានលុះទោសាគតិ១ មិនបានលុះមោហាគតិ១ មិនបានលុះភយាគតិ១ ដឹងនូវចីវរ ដែលខ្លួនបានទទួល និងមិនបានទទួល១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ គួរដល់លោកដ៏មានអាយុអង្គណាហើយ លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកទទួលចីវរហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
ID: 636795437819760576
ទៅកាន់ទំព័រ៖