ព្រះត្រៃបិដក ភាគ ០៨
លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកទុកដាក់ចីវរហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៤៩] សម័យនោះឯង ពួកភិក្ខុអ្នកទុកដាក់ចីវរ ទុកចីវរក្នុងមណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុងទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏កាត់ចីវរទាំងនោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) សង្ឃប្រាថ្នានូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋានដូចស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវទីនោះឲ្យជាឃ្លាំងបាន។ ម្នាលភិក្ខុទាំងឡាយ គួរសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគួរសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងបាន។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងហើយ។ ការសន្មតិវិហារឈ្មោះនេះ
ID: 636795438466927592
ទៅកាន់ទំព័រ៖