ព្រះត្រៃបិដក ភាគ ០៨
នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នករក្សាឃ្លាំងហើយ។ ការសន្មតិនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៥១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបណ្តេញភិក្ខុអ្នករក្សាឃ្លាំងឲ្យចៀសចេញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញ
(១) ភិក្ខុអ្នករក្សាឃ្លាំងចេញទេ ភិក្ខុណាបណ្តេញ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
(១) បុគ្គលដែលមិនត្រូវបណ្តេញចេញ ចាកទីកន្លែង មាន៤ពួក គឺភិក្ខុចាស់ជាង១ ភិក្ខុជាអ្នករក្សាឃ្លាំង១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលបានសេនាសនៈអំពីសង្ឃ១។ ភិក្ខុក្មេងមិនត្រូវបណ្តេញភិក្ខុចាស់ចេញ ព្រោះលោកចាស់ជាងខ្លួន។ ភិក្ខុជាអ្នករក្សាឃ្លាំង ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃបានសន្មតឲ្យជាអ្នករក្សាឃ្លាំង។ ភិក្ខុមានជម្ងឺ ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះលោកឈឺ។ ភិក្ខុដែលបានសេនាសនៈ អំពីសង្ឃ ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃបានឲ្យទីកន្លែង ជាទីសប្បាយ ដល់លោក ដែលជាពហូសូត្រ មានឧបការៈដល់សង្ឃដោយកិច្ច មានបង្រៀនបាឡី និងអដ្ឋកថាជាដើម (អដ្ឋកថា)។
ID: 636795439433652885
ទៅកាន់ទំព័រ៖