ព្រះត្រៃបិដក ភាគ ០៨
សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកចែកចីវរហើយ។ ការសន្មតិនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងគួរចែកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុជ្រើសរើស (ចីវរ) ជាមុន ហើយស្ទង់មើល (ដម្លៃ) ហើយលៃលកចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យមានចំណែកស្មើគ្នា) ហើយរាប់ភិក្ខុ ហើយចងចីវរឲ្យជាពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃចីវរ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរដល់ពួកសមណេរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ឲ្យចំណែកពាក់កណ្តាល ដល់ពួកសាមណេរ។
ID: 636795440096900821
ទៅកាន់ទំព័រ៖