ព្រះត្រៃបិដក ភាគ ០៨
នៅតែម្នាក់ឯង អស់កាលនៃរដូវ
(១) ។ ក្នុងទីនោះ ពួកមនុស្សបានប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិចបំផុត ត្រឹមភិក្ខុ៤រូប ក៏ឥឡូវ អាត្មាអញ តែម្នាក់ឯង ចំណែកខាងពួកមនុស្សនេះ បានប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយប្រគេនចីវរចំពោះសង្ឃ បើដូច្នោះ គួរអាត្មាអញ នាំយកចីវរ របស់សង្ឃទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយបានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ
(២) ចែកគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅតែម្នាក់ឯង អស់កាលនៃរដូវ។ ក្នុងទីនោះ ពួកមនុស្សប្រគេនចីវរទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនោះ អធិដ្ឋានចីវរទាំងនោះ ដូច្នេះថា ចីវរទាំងនេះ ជារបស់អាត្មាអញ។
(១) សំដៅយកកាលដទៃ អំពីរដូវភ្លៀង។ (២) អដ្ឋកថា ថា ត្រូវសង្ឃដែលឋិតនៅក្នុងឧបចារសីមា វាយរគាំង ប្រាប់វេលា ហើយសឹមចែកគ្នា។
ID: 636795549871389563
ទៅកាន់ទំព័រ៖