ព្រះត្រៃបិដក ភាគ ០៨
អញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវររបស់ភិក្ខុនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះបានធ្វើចីវរហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរហើយ ក៏នៅគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។
ID: 636795404220278796
ទៅកាន់ទំព័រ៖