ព្រះត្រៃបិដក ភាគ ០៨
ខ្ញុំករុណាបានផ្ញើចីវរ មកប្រគេនព្រះថេរៈ តើចីវរនោះ បានដល់មកហើយឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិនឃើញចីវរនោះទេ។ ទើបព្រះរេវតដ៏មានអាយុ បាននិយាយ ទៅនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំបានផ្ញើចីវរ មកប្រគេនព្រះថេរៈ នឹងដៃលោកដ៏មានអាយុ តើចីវរនោះ នៅឯណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំបានយកចីវរនោះ (មកប្រើប្រាស់ ដោយខ្លួនឯងទៅហើយ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះ ផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីស្និទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរទៅ នឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។
ID: 636795559723933096
ទៅកាន់ទំព័រ៖