ព្រះត្រៃបិដក ភាគ ០៨
(យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់ដោយខ្លួនឯងវិញ) ដោយអាងសេចក្តីសិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកមិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុផ្ញើចីវរនឹងដៃភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូបស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើទៅនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានមិនល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។
[៧៨] ម្នាលភិក្ខុទាំងឡាយ មាតិកា (ហេតុ) ដែលនាំឲ្យកើតចីវរឡើង មាន៨យ៉ាង គឺ គេឲ្យចីវរក្នុងសីមា១ គេឲ្យចីវរ ដោយសេចក្តីប្តេជ្ញា១ គេឲ្យចីវរ ដោយសេចក្តីបញ្ញត្តិ នៃភិក្ខា (ទីបរិច្ចាគទាន របស់ខ្លួន)១ គេឲ្យចីវរចំពោះសង្ឃ១ គេឲ្យចីវរចំពោះឧភតោសង្ឃ១ គេឲ្យចីវរចំពោះសង្ឃ ដែលនៅចាំវស្សា១ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើបឲ្យចីវរ១ គេឲ្យចីវរ ចំពោះបុគ្គល១។ ដែលហៅថា គេឲ្យចីវរក្នុងសីមា គឺ (សំដៅយក) ភិក្ខុមានចំនួនប៉ុន្មានរូប ដែលនៅខាងក្នុងសីមា ត្រូវភិក្ខុទាំងនោះ ចែកចីវរគ្នាចុះ។ ដែលហៅថា គេឲ្យចីវរដោយសេចក្តីប្តេជ្ញាគឺ (សំដៅយក) អាវាសច្រើន
ID: 636795561053409138
ទៅកាន់ទំព័រ៖