ព្រះត្រៃបិដក ភាគ ០៨
ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះ ល្អណាស់ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងសម្រេចការនៅក្នុងវាសភគ្រាមនេះចុះ។ គ្រានោះ ពួកអាគន្តុកភិក្ខុនោះ ក៏សម្រេចការនៅ ក្នុងវាសភគ្រាមនោះឯង។ ភិក្ខុឈ្មោះកស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះ ដូច្នេះថា សេចក្តីលំបាក ដោយកិច្ចជាអាគន្តុក របស់អាគន្តុកភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយនោះ ដែលមិនស្គាល់ទីគោចរជាប្រក្រតី ក៏ត្រឡប់ស្គាល់ហើយ ឯការធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងត្រកូល នៃបុគ្គលដទៃ អស់មួយជីវិត ជាការកម្រពេកណាស់ ម្យ៉ាងទៀត ការសូម មិនជាទីគាប់ចិត្ត ដល់មនុស្សទាំងឡាយ បើដូច្នោះ គួរតែអញ កុំធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត។ ភិក្ខុ ឈ្មោះកស្សបគោត្តនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត។ សេចក្តីប្រឹក្សាដូច្នេះ កើតមាន ដល់ភិក្ខុអាគន្តុកនោះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុជាម្ចាស់អាវាសនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ
ID: 636795564718188751
ទៅកាន់ទំព័រ៖