ព្រះត្រៃបិដក ភាគ ០៨
[៨៦] ម្នាលភិក្ខុទាំងឡាយ កម្មនេះមាន៦យ៉ាង គឺកម្មមិនប្រកបដោយធម៌១ កម្មជាពួក១ កម្មព្រមព្រៀង១ កម្មជាពួក ទាំងប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង តែប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង ទាំងប្រកបដោយធម៌១។
[៨៧] ម្នាលភិក្ខុទាំងឡាយ កម្មមិនប្រកបដោយធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិម្តង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិពីរដង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចា១ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្ម មានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចាពីរ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិ១ តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិពីរក្តី ដោយញត្តិបីក្តី ដោយញត្តិបួនក្តី តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។
ID: 636795569109689930
ទៅកាន់ទំព័រ៖