ព្រះត្រៃបិដក ភាគ ០៨
[៩៤] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានភិក្ខុនីជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានសិក្ខមានាជាគំរប់៤។បេ។ មានសាមណេរ ជាគំរប់៤ មានសាមណេរី ជាគំរប់៤ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៤ មានភិក្ខុដែលត្រូវអន្តិមវត្ថុ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ជាគំរប់៤ មានមនុស្សខ្ទើយ ជាគំរប់៤ មានបុគ្គល ដែលលួចសំវាស ជាគំរប់៤ មានភិក្ខុដែលចូលទៅកាន់ពួកតិរ្ថិយ ជាគំរប់៤ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល ដែលសម្លាប់មាតា ជាគំរប់៤ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់៤ មានបុគ្គលដែលសម្លាប់ព្រះអរហន្ត ជាគំរប់៤ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់៤ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់៤ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៤ មានឧភតោព្យញ្ជនក ជាគំរប់៤ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៤ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៤
ID: 636795571695727843
ទៅកាន់ទំព័រ៖