ព្រះត្រៃបិដក ភាគ ០៨
[១៥៤] កាលបើព្រះមានព្រះភាគ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ពោលព្រះគាថាអម្បាលនេះហើយ ក៏ទ្រង់យាងទៅឯពាលកលោណការកគ្រាម។ សម័យនោះឯង ក៏ចួនជាព្រះភគុដ៏មានអាយុ គង់នៅក្នុងពាលកលោណការកគ្រាមដែរ។ ឯព្រះភគុដ៏មានអាយុ បានឃើញព្រះមានព្រះភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចដំកល់ទឹកសម្រាប់លាងព្រះបាទ តាំងសម្រាប់ទ្រព្រះបាទ ដែលលាងរួចហើយ និងគ្រឿងសម្រាប់ទ្រព្រះបាទ ដែលមិនទាន់លាង ស្រេចហើយ ទើបក្រោកឡើង ទៅទទួលបាត្រ និងចីវរ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះគង់ហើយ ទើបលាងព្រះបាទា។ ចំណែកឯព្រះភគុដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ លុះព្រះភគុដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកមិនលំបាកដោយបិណ្ឌបាតទេឬ។ ព្រះភគុដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាតទេ។ វេលានោះ ព្រះមានព្រះភាគ
ID: 636795623162791591
ទៅកាន់ទំព័រ៖