ព្រះត្រៃបិដក ភាគ ០៨
[៤០] សម័យនោះឯង ព្រះបាទបជ្ជោត ក្នុងក្រុងឧជ្ជេនី ទ្រង់អាពាធ ដោយរោគលឿង។ ពួកពេទ្យ ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគនោះ ឲ្យសះជាបាន នាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ព្រះបាទបជ្ជោត ក៏បានបញ្ជូនព្រះរាជបម្រើ ឲ្យទៅកាន់សំណាក់ ស្តេចមាគធសេនិយពិម្ពិសារ ដោយព្រះបណ្តាំថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺខ្ញុំប្រាកដដូច្នោះ ខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ឲ្យជីវកពេទ្យ ឲ្យគាត់ទៅព្យាបាលរោគខ្ញុំ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់ទៅ ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកទៅក្រុងឧជ្ជេនី ហើយព្យាបាល ព្រះបាទបជ្ជោតផង។ ជីវកកោមារភត្យ ទទួលស្តាប់ព្រះរាជឱង្ការ ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយទៅកាន់ក្រុងឧជ្ជេនី ក៏ចូលទៅគាល់ព្រះបាទបជ្ជោត លុះចូលទៅគាល់ហើយ ក៏សង្កេតស្គាល់វិការៈ របស់ព្រះបាទបជ្ជោត ហើយក៏ក្រាបបង្គំទូល ព្រះបាទបជ្ជោតយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងស្លសប្បិថ្វាយ
ID: 636795428600003236
ទៅកាន់ទំព័រ៖