ព្រះត្រៃបិដក ភាគ ០៨
សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ ពួកអ្នកដែលនៅចាំរោង សម្រាប់ដាក់វាហនៈ ហើយនឹងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈប្រាថ្នាទៅ ដោយវាហនៈណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈប្រាថ្នាទៅតាមទ្វារណា ចូរឲ្យទៅតាមទ្វារនោះ ជីវកៈប្រាថ្នាចង់ទៅក្នុងកាលណា ត្រូវឲ្យទៅក្នុងកាលនោះ ជីវកៈប្រាថ្នាចង់ចូលមក ក្នុងក្រុងកាលណា ត្រូវឲ្យចូលមក ក្នុងកាលនោះចុះ។ ខណៈនោះ ព្រះបាទបជ្ជោត ក៏បានត្រាស់បង្គាប់ទៅពួកអ្នកនៅចាំរោង សម្រាប់ដាក់វាហនៈ និងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈប្រាថ្នាទៅ ដោយវាហនៈណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈប្រាថ្នាទៅតាមទ្វារណា ចូរឲ្យទៅតាមទ្វារនោះ ជីវកៈប្រាថ្នាចង់ទៅ ក្នុងកាលណា ចូរឲ្យទៅ ក្នុងកាលនោះ ជីវកៈប្រាថ្នាចូលមកក្នុងក្រុងកាលណា ចូរឲ្យចូលមក ក្នុងកាលនោះចុះ។ សម័យនោះ ព្រះបាទបជ្ជោត មានមេដំរី១ ឈ្មោះភទ្ទវតិកា អាចដើរទៅបាន ៥០យោជន៍ (ក្នុង១ថ្ងៃ)។ វេលានោះ ជីវកកោមារភត្យ ក៏បានបង្អោនថ្វាយ សប្បិនោះ ទៅព្រះបាទបជ្ជោតថា សូមព្រះសម្មតិទេព ទ្រង់សោយទឹកចត់ (នេះ)។ លំដាប់នោះ ជីវកកោមារភត្យ បានឲ្យព្រះបាទបជ្ជោត សោយសប្បិរួចហើយ ក៏ទៅកាន់រោងដំរី (ឡើងជិះ) លើមេដំរី ឈ្មោះភទ្ទវតិកា ហើយក៏បរចេញពីក្រុងទៅ។
ID: 636795429091461346
ទៅកាន់ទំព័រ៖