ព្រះត្រៃបិដក ភាគ ០៨
ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងមិនធ្វើចីវរនេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងធ្វើចីវរនេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ឮដំណឹងថា សង្ឃបានដកកឋិនក្នុងអាវាសនោះហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះធ្វើចីវរស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញនឹងត្រឡប់វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា
ID: 636795402052714818
ទៅកាន់ទំព័រ៖