ព្រះត្រៃបិដក ភាគ ៨០
ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ភើ្លងដែលឲ្យកាយក្តៅសព្វ ១ ដែលឲ្យកាយគ្រាំគ្រា ១ ដែលឲ្យកាយក្តៅក្រហាយ ១ ដែលឲ្យវត្ថុគេស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដល់នូវការទ្រុឌទ្រោម រលួយអស់ ១ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា តេជោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាភាពក្តៅ ដល់នូវភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតិអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ ភ្លើងឧស ភ្លើងរំកាច់ ភ្លើងសៅ្ម ភ្លើងអាចម៍គោ ភ្លើងអង្កាម ភ្លើងសំរាម ភ្លើងរន្ទះ កំដៅភ្លើង កំដៅព្រះអាទិត្យ កំដៅគំនរឧស កំដៅគំនរស្មៅ កំដៅគំនរស្រូវ កំដៅគំនរផេះ ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កំដៅ ដល់នូវភាពអប់កំដៅជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា តេជោធាតុខាងក្រៅ។ តេជោធាតុណា ជាខាងក្នុងក្តី តេជោធាតុណា ជាខាងក្រៅក្តី នេះហៅថា តេជោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
ID: 637647224481573345
ទៅកាន់ទំព័រ៖