ព្រះត្រៃបិដក ភាគ ៨០
[១២៥] បណ្តាធាតុ ១៨ នោះ ចក្ខុធាតុ តើដូចម្តេច។ ចក្ខុណា គឺប្រសាទអាស្រ័យមហាភូត ៤។បេ។ ហៅថាស្រុកទំនេរក៏បាន នេះហៅថា ចក្ខុធាតុ។ បណ្តាធាតុ ១៨ នោះ រូបធាតុ តើដូចម្តេច។ រូបណា គឺសម្បុរ និងពន្លឺ អាស្រ័យមហាភូត ៤។បេ។ ហៅថា រូបធាតុក៏បាន នេះហៅថា រូបធាតុ។ បណ្តាធាតុ ១៨ នោះ ចក្ខុវិញ្ញាណធាតុ តើដូចម្តេច។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង នេះហៅថា ចក្ខុវិញ្ញាណធាតុ។
[១២៦] បណ្តាធាតុ ១៨ នោះ សោតធាតុ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទអាស្រ័យមហាភូត ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា សោតធាតុ។ បណ្តាធាតុ ១៨ នោះ សទ្ទធាតុ តើដូចម្តេច។ សំឡេងណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូត ៤។បេ។ ហៅថា សទ្ទធាតុក៏បាន នេះហៅថា សទ្ទធាតុ។
ID: 637647239762354342
ទៅកាន់ទំព័រ៖