ព្រះត្រៃបិដក ភាគ ៨០
[១៤៨] បណ្តាទុក្ខទាំងនោះ សេចក្តីស្លាប់ តើដូចម្តេច។ ការឃ្លាត ភាពនៃចិត្តឃ្លាត ការបែកធា្លយ សេចក្តីបាត់បង់ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា ការបែកធា្លយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់បង់ជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ក្នុងពូកសត្វនោះៗ នេះហៅថា សេចក្តីស្លាប់។
[១៤៩] បណ្តាទុក្ខទាំងនោះ សេចក្តីសោក តើដូចម្តេច។ សេចក្តីជ្រប់ស្រពោន អាការនៃចិត្តជ្រប់ស្រពោន ភាពនៃចិត្តសង្រេងសង្រៃ សេចក្តីស្ងួតស្ងប់ សេចក្តីស្ងួតស្ងប់ខ្លាំង សេចក្តីក្រៀមក្រំនៃចិត្ត សេចក្តីអាក់អន់ចិត្ត សរគឺសោក របស់សត្វ ដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសភោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាស គឺទិដ្ឋិប៉ះពាល់ក្តី (ឬ) ដែលប្រកបដោយសេចក្តីវិនាសណាមួយ ឬទុក្ខធម៌ណាមួយប៉ះពាល់ហើយ នេះហៅថា សេចក្តីសោក។
ID: 637647246837053166
ទៅកាន់ទំព័រ៖