ព្រះត្រៃបិដក ភាគ ៨០
[១៥៥] បណ្តាទុក្ខទាំងនោះ ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ តើដូចម្តេច។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តនៃបុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា គឺមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា ការមិនជួបប្រសព្វគ្នា ការមិនបានជួបជុំគ្នា ការមិនបានមូលមិត្រគ្នា ដោយអារម្មណ៍ទាំងឡាយនោះៗ ដោយជនទាំងឡាយនោះៗ នេះហៅថា ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទុក្ខ។
[១៥៦] បណ្តាទុក្ខទាំងនោះ បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះ ជាទុក្ខ តើដូចម្តេច។ ពួកសត្វមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធើ្វដូចម្តេចហ៎្ន ពួកយើងកុំបីមានជាតិជាធម្មតា ពុំនោះសោត ជាតិកុំបីមកកាន់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វតែងមិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯងហៅថា បុគ្គលកាលចង់បានរបស់ណា មិនបានរបស់នោះ ការមិនបាននោះជាទុក្ខ ពួកសត្វមានជរាជាធម្មតា។បេ។ ពួកសត្វមានព្យាធិជាធម្មតា។បេ។ ពួកសត្វមានមរណៈជាធម្មតា។បេ។
ID: 637647248123928176
ទៅកាន់ទំព័រ៖