ព្រះត្រៃបិដក ភាគ ៨០
[១៦២] បណ្តាអរិយសច្ចទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូម្តេច។ មគ្គដ៏ប្រសើរមានអង្គ ៨ ប្រការនេះឯង។ មគ្គដ៏ប្រសើរ មានអង្គ ៨ ប្រការ តើដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
[១៦៣] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាទិដ្ឋិ តើដូចម្តេច។ ប្រាជ្ញាដឹងច្បាស់ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងតណ្ហា ជាហេតុនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងព្រះនិព្វាន ជាគ្រឿងរលត់នៃទុក្ខ ប្រាជ្ញាដឹងច្បាស់ក្នុងផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃទុក្ខ នេះហៅថា សម្មាទិដ្ឋិ។
[១៦៤] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងការចេញចាកកាម សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន នេះហៅថា សម្មាសង្កប្បៈ។
[១៦៥] បណ្តាមគ្គមានអង្គ ៨ នោះ សម្មាវាចា តើដូចម្តេច។ ការវៀរចាកពាក្យកុហក ការវៀរចាកវាចាញុះញង់គេឲ្យបែកគ្នា ការវៀរចាកវាចាទ្រគោះអាក្រក់ ការវៀរចាកពាក្យរោយរាយឥតប្រយោជន៍ នេះហៅថា សម្មាវាចា។
ID: 637647250427365692
ទៅកាន់ទំព័រ៖